លោក Mark Cuban គឺជាមហាសេដ្ឋី និង ជាវាគ្មិនដ៏ល្បីល្បាញមួយរូបរបស់សហរដ្ឋអាមេរិកដែលទទូលបានជោគជ័យយ៉ាងច្រើននៅក្នុងវិស័យជំនួញ ។ នៅថ្ងៃនេះ Business Khmer Insider សូមចែករំលែកនូវចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ជាពិសេសដល់អ្នកដែលមានបំណងចង់បើកជំនូញរកស៊ីជាលើកដំបូងនូវច្បាប់ចំណួន ៥ របស់មហាសេដ្ឋីរូបនេះដូចខាងក្រោម៖
១). ធ្វើការស្រាវជ្រាវទីផ្សារជាមុន៖ លោកបានមានប្រសាសន៍ថា មុនចាប់ផ្ដើមធ្វើជំនួញអ្នកត្រូវដឹងថា មុខរបរដែលយើងចង់រកស៊ីនោះអាចមានឱកាស និង មានសក្ដានុពលទៅថ្ងៃមុនឬអត់ ? មានកត្តាប្រឈមឬអត់ ? មានគូប្រជែងច្រើនអត់ ? ហើយអ្នកមានបទពីសោធន៍ក្រាស់ក្រែលហើយឬនៅលើមុខរបរដែលអ្នកចង់បង្កើតនោះ ? បើអ្នកមិនទាន់អាចឆ្លើយសំនួរនេះបានទេ អ្នកត្រូវតែសិក្សាពីវាឲ្យបានច្បាស់លាស់ជាមុនសិន ។
២). ត្រូវបង្កើតគម្រោងអាជីវកម្មដែលមានភាពបទបែន៖ បើមានគម្រោងអាជីវកម្មហើយ ត្រូវសិក្សាមើលថា គម្រោងអាជីវកម្មរបស់អ្នកអាចកែសម្រួលបានដែរឬទេដើម្បីឲ្យស្របតាមស្ថានភាពជាក់ស្ដែង ? បើមើលទៅឃើញថាកែសម្រួលមិនកើត មិនអាចឆ្លើតតបទៅតាមស្ថានភាពជាក់ស្ដែងបានទេ មានន័យថាគម្រោងអ្នកនៅអន់មិនអាចយកជាការបាន ។ សម្រាប់លោក Mark Cuban គម្រោងអាជីវកម្មរកស៊ីដែលល្អ គឺគម្រោងដែលអាចផ្លាស់ប្ដូរបានគ្រប់កាលៈទេសៈឲ្យតែម្ចាស់អាចជីវកម្មចង់ផ្លាស់ប្ដូរ ។
៣) ពិនិត្យមើលយុទ្ធសាស្ត្រប្រមូលដើមទុន៖ បើតាមការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បើបើកជំនួញហើយមានដើមទុនគ្រប់គ្រាន់ ពិតជារឿងមួយល្អបំផុត តែលុះត្រាតែអ្នកចេះគ្រប់គ្រងវាឲ្យបានត្រឹមត្រូវ និង មានភាពហ្មត់ចត់។ លោកថា ការប្រមូលដើមទុនពីអ្នកផ្សេង មិត្តភក្ដិ ឬ អ្នកវិនិយោគណាមួយនោះ អ្នកមិនត្រូវចេះតែប្រមូលឲ្យតែបានសម្រាប់រកស៊ីនោះទេ។ អ្នកត្រូវមើលដៃគូណាដែលល្អដែលអាចទុកចិត្តបាន ហើយជាពិសេសនោះគឺមានផែនការហិរញ្ញវត្ថុច្បាស់លាស់តែម្តង។
៤)ត្រូវខ្លាំងជាងគូប្រជែងរបស់អ្នក៖«អ្នកត្រូវធ្វើឲ្យសេវាកម្មរបស់អ្នកល្អលើសពីគូប្រជែងរបស់អ្នក»។ នេះជាការលើកឡើងរបស់លោក Mark Cuban។ លោកបានបន្តថា អ្នកត្រូវចេះច្នៃប្រឌិតមុខរបររបស់អ្នក និង អភិវឌ្ឍវាឲ្យកាន់តែល្អជាលំដាប់ កុំធ្វើដដែល រួមទាំងបង្កើតនូវចំណុចខុសប្លែកមួយគួរឲ្យចាប់អារម្មណ៍ពីគូប្រជែងរបស់អ្នក។
៥) នៅឲ្យឆ្ងាយពីមុខរបរណាដែលកំពុងមានគេរកស៊ីច្រើននៅលើទីផ្សារ៖ នៅទីនេះលោក Cuban បានសង្កត់ធ្ងន់ថា អ្នកបើកមុខរបរថ្មីៗ មិនគួរប្រថុយបើកមុខរបរប្រជែងជាមួយគេនៅក្នុងវិស័យណាដែលគេរកស៊ី និង មានភាពរឹងមាំរួចហើយនៅលើទីផ្សារនោះទេ។ ផ្ទុយទៅវិញ អ្នកគួរសម្លឹងមើលមុខរបរណាមួយដែលនៅចន្លោះប្រហោងមិនទាន់មានវត្តមាននៅលើទីផ្សារ តែអាចធ្វើឲ្យអ្នកមានសក្ដានុពលទៅថ្ងៃមុខបាន៕
អត្ថបទដោយ ស៊ុន ទិ
ប្រភព៖ bizkhmer.com
ConversionConversion EmoticonEmoticon